ហ៊ានមែន! អ្នកមានអំនាចម្នាក់កំពុងធ្វើសកម្មភាពចាក់ដីលុបព្រែក និងបិទផ្លូវ

0
25

ហ៊ានមែន! អ្នកមានអំនាចម្នាក់កំពុងធ្វើសកម្មភាពចាក់ដីលុបព្រែក និងបិទផ្លូវ

កំពត ៖ ប្រភពពីប្រជាពលរដ្ឋ នៅស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា មួយរយៈកន្លងទៅនេះ អ្នកមានអំណាចកំពុងធ្វើសកម្មភាពចាក់ដីចូលព្រែក និងបិទផ្លូវទឹកមួយកន្លែង ស្ថិតនៅចំណុចស្ពានក្បាលរមាស ឃុំត្រពាំងសង្កែន ស្រុកទឹកឈូ ខេត្តកំពត គ្មានមន្ត្រីអាជ្ញាធរណាចាត់វិធានការទប់ស្កាត់ឡើយ។

ជាក់ស្ដែង ទាំងអភិបាលស្រុកទឹកឈូ ក៏ដូចជា លោក ជាវ តាយ អភិបាលខេត្តកំពត បានរក្សាភាពស្ងប់ស្ងាត់ ក្នុងខណៈដែលអ្នកមានអំណាចចាក់ដីលុបបិទផ្លូវទឹក នៅចំណុចគល់ស្ពានក្បាលរមាស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ យកធ្វើជាកម្មសិទ្ធិយ៉ាងគឃ្លើន។ ជាងនេះទៅទៀត ប្រធានមន្ទីរបរិស្ថានខេត្តកំពត ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ក្នុងខណៈដែលអ្នកមានអំណាចកំពុងចាក់ដីចូលព្រែក ដែលជាទ្រព្យសម្បតិ្ដរដ្ឋ រំលោភយកធ្វើជាកម្មសិទ្ធិយ៉ាងស្រួលៗ។

ប្រជាពលរដ្ឋនៅក្នុងស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា កន្លងមក ដីព្រៃលិចទឹក ដីព្រែក ទឹកឈូ និងតំបន់មួយចំនួនទៀត ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ចាក់ដីលុបយកធ្វើជាកម្មសិទ្ធិ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ មជ្ឈដ្ឋាននានា បានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិត បើកដៃពីសំណាក់មន្ត្រីអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក និងថ្នាក់ខេត្តទេនោះ គឺគ្មាននរណាអាចធ្វើសកម្មភាពចាក់ដីចូលព្រែក ចូលដៃសមុទ្រ រំលោភយកធ្វើជាកម្មសិទ្ធិយ៉ាងរលូនដូចសព្វថ្ងៃនេះទេ។ បញ្ហានេះ គឺជារឿងដែលលោក ជាវ តាយ អភិបាលខេត្តកំពត គួរចាត់វិធានការ ទប់ស្កាត់ជាបន្ទាន់ ព្រោះដៃព្រែក ដៃសមុទ្រ ជាទ្រព្យសម្បត្ដិរដ្ឋ មិនអាចបុគ្គលណារំលោភយកធ្វើជាកម្មសិទ្ធិបានឡើយ។

បើតាមការកត់សម្គាល់របស់ប្រជាពលរដ្ឋ នៅក្នុងស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា រាល់សកម្មភាពរបស់អ្នកមានលុយ អ្នកមានអំណាច ចាក់ដីចូលព្រែក ចូលដៃសមុទ្រ យកធ្វើជាកម្មសិទ្ធិ គឺសុទ្ធតែត្រូវបានមន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធដឹងជាមុន។ ប៉ុន្តែ ពួកគេឃុបឃិតដើម្បីជាថ្នូរនឹងផលប្រយោជន៍ ទើបអ្នកមានលុយ អ្នកមានអំណាច អាចធ្វើអ្វីៗតាមអំពើចិត្ត ហើយលោក ជាវ តាយ អភិបាលខេត្តកំពត ក៏ដូចជា ប្រធានមន្ទីរពាក់ព័ន្ធនាំគ្នាសម្ងំស្ងាត់ឈឹង មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។

ប្រជាពលរដ្ឋ បានលើកឡើងថា ករណីអ្នកមានអំណាច ចាក់ដីលុបព្រែកទឹកឈូ នៅចំណុចស្ពានក្បាលរមាស ស្រុកទឹកឈូ អាចមានការឃុបឃិតពីមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរពាក់ព័ន្ធផងដែរ ដូច្នេះ ក្រសួងពាក់ព័ន្ធមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះមួយរយៈចុងក្រោយនេះ ករណីឈ្មួញចាក់ដីលុបដៃសមុទ្រ យកធ្វើជាកម្មសិទ្ធិនៅក្នុងខេត្តកំពត កំពុងកើតឡើងយ៉ាងរាលដាល ហើយសូម្បីតែដីព្រៃលិចទឹក ដីឆ្នេរសមុទ្រ ក៏មន្ត្រីពាក់ព័ន្ធហ៊ានចេញប័ណ្ណកម្មសិទ្ធិឲ្យអ្នកមានលុយ អ្នកមានអំណាចដែរ៕ ដោយ៖ TNB

LEAVE A REPLY

Please enter your comment!
Please enter your name here