ជីវប្រវត្តិសង្ខេប និងស្នាព្រះហស្ថរបស់ព្រះបាទ នរោត្តម សីហនុ

0
27

ជីវប្រវត្តិសង្ខេប និងស្នាព្រះហស្ថរបស់ព្រះបាទ នរោត្តម សីហនុ

សម្តេច​ព្រះនរោត្តម សីហនុ គឺ​ជា​ឥស្សរជន​​​​លេចធ្លោ​បំផុត ក្នុង​ឆាកនយោបាយ​កម្ពុជា ក្នុងរយៈកាល​ប្រមាណ​ជា ៧ទសវត្សរ៍​​កន្លងទៅ។ ឡើងគ្រងរាជបល្ល័ង្ក​ ជា​ព្រះមហាក្សត្រ​ខ្មែរ រហូតដល់​ទៅ ២លើក ហើយ​បាន​ដាក់រាជ្យ​ ២លើក សម្តេច​ព្រះនរោត្តម សីហនុ ​គឺ​ជា​តួអង្គ និង​ជា​សាក្សី​ដ៏​​ចម្បង​បំផុត ​នៃ​ប្រវត្តិសាស្រ្តខ្មែរ​សម័យ​ទំនើប រាប់ចាប់តាំង​ពី​កម្ពុជា​ស្ថិត​ក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របបខ្មែរ​ក្រហម រហូតដល់​យុគសម័យ​សន្តិភាព ​ការផ្សះផ្សារ​ជាតិ និង​ការ​បង្កើត​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ នៅ​ក្នុង​ទសវត្សរ៍​ទី​៩០។

ប្រសូត្រ​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះអង្គម្ចាស់ នរោត្តម សីហនុ គឺ​ជា​ព្រះរាជបុត្រ​ច្បង​របស់​សម្តេចព្រះនរោត្តម សុរាម្រិត និង​ព្រះមហាក្សត្រិយ ស៊ីសុវត្ថិ កុសមៈ។ ព្រះអង្គ​បាន​សិក្សា​នៅ​សាលាបារាំង នៅ​ភ្នំពេញ ហើយ​បន្ទាប់មក ​នៅ​វិទ្យាល័យ​បារាំង នៅ​ព្រៃនគរ​ មុននឹង​ត្រូវ​បារាំង​ ដែល​ជា​មហាអំណាច​អាណានិគម​លើ​កម្ពុជា ជ្រើសរើស​ឲ្យ​ឡើង​គ្រងរាជ្យ​ នៅ​ខែមេសា ឆ្នាំ​១៩៤១ បន្ត​ពី​ព្រះបាទ​​មុនីវង្ស ដែល​ចូល​ទិវង្គត។ នៅពេលនោះ ព្រះបាទ​ព្រះនរោត្តម សីហនុ ទើប​នឹង​ព្រះជន្ម​តែ ១៨​ព្រះវស្សា​តែ​ប៉ុណ្ណោះ។

មានមតិ​ជាច្រើន​យល់ថា ការដែល​បារាំង​ជ្រើសរើស​ព្រះបាទ​នរោត្តម​ សីហនុ ឲ្យ​ឡើង​សោយរាជ្យ ដោយ​រំលង​ព្រះបិតា​របស់​ព្រះអង្គ គឺ​សម្តេច​ព្រះនរោត្តម សុរាម្រិត បែបនេះ គឺ​ដោយសារ​តែ​បារាំង​គិត​ថា ព្រះអង្គ ជា​ព្រះអង្គ​ម្ចាស់​វ័យ​ក្មេង វក់ចិត្ត​តែ​នឹង​សិល្បៈ​ចម្រៀង ភាពយន្ត មិនសូវ​រវីរវល់​នឹង​រឿងនយោបាយ ខ្វះបទពិសោធន៍ ងាយស្រួល​ក្នុង​ការ​បង្គាប់​បញ្ជា។ បើសិន​ជា​បែបនេះមែន បារាំង​ គឺពិត​​ជា​យល់ខុស ហើយ​ប្រាកដ​ជា​​ខកចិត្ត​មិនតិច​ទេ ពីព្រោះ​ថា ​ព្រះអង្គម្ចាស់​វ័យក្មេង​អង្គនេះ​​ហើយ​ ដែល​ក្រោយ​ពី​បាន​ឡើង​គ្រងរាជ្យ ​បានតស៊ូ​​ទាមទារ​​​ឯករាជ្យ​ពី​បារាំង រហូតបាន​សម្រេច នៅ​ឆ្នាំ​១៩៥៣។

ពីរឆ្នាំ​ក្រោយ​ទទួល​បាន​ឯករាជ្យ ព្រះបាទ​នរោត្តម សីហនុ បាន​ដាក់រាជ្យ ទៅ​ឲ្យ​ព្រះបិតា​របស់​ព្រះអង្គ គឺ​ព្រះបាទ​នរោត្តម សុរាម្រិត នៅ​ខែ​មេសា ឆ្នាំ​១៩៥៥ ដើម្បី​ទៅ​​បង្កើត​ និង​ដឹកនាំ​​​ចលនា “សង្គមរាស្រ្តនិយម” ហើយ​ទទួល​ងារជា​ “សម្តេច​ព្រះឧបយុវរាជ”។ ចាប់ពីពេលនោះមក​ សម្តេច​ព្រះនរោត្តម សីហនុ បាន​កាន់​អំណាច​ជាប់រហូត ជា​នាយករដ្ឋមន្រ្តី​ផង និង​ជា​ប្រមុខរដ្ឋ​ផង រហូតដល់​ថ្ងៃទី១៨ ខែមីនា ឆ្នាំ​១៩៧០ ដែល​ព្រះអង្គ​ត្រូវ​បាន​ក្រុម​របស់​សេនាប្រមុខ​លន់ នល់ និង​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ទម្លាក់​ពី​តំណែង ក្នុងពេល​ដែល​ព្រះអង្គ​កំពុង​បំពេញ​ទស្សនកិច្ច​ នៅ​ទីក្រុង​ម៉ូស្គូ សហភាព​សូវៀត។

ក្រោយ​ពី​ត្រូវ​ទម្លាក់​ពីតំណែង ព្រះ​អង្គ​បាន​យាង​ចេញ​ពី​ម៉ូស្គូ ទៅកាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ​បង្កើត​ជា​រណសិរ្ស​រួបរួមជាតិ​កម្ពុជា រួមជាមួយ​នឹង​ក្រុម​ខ្មែរក្រហម ហើយ​បាន​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​រត់ចូល​ព្រៃ​កាន់អាវុធ ដើម្បី​តស៊ូ​ប្រឆាំង​នឹង​របប​លន់ នល់។

ថ្ងៃទី១៧ មេសា ឆ្នាំ​១៩៧៥ កងទ័ព​ខ្មែរក្រហម​វាយ​ចូល​ដល់​ទីក្រុង​ភ្នំពេញ រំលាយ​របបសាធារណរដ្ឋខ្មែរ ហើយ​បង្កើត​ជា​របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​មាន​សម្តេច​ព្រះនរោត្តម សីហនុ ជា​ប្រមុខរដ្ឋ។ ក៏ប៉ុន្តែ មួយ​ឆ្នាំ​ក្រោយ​មក នៅ​ខែមេសា ឆ្នាំ​១៩៧៦ ព្រះអង្គ​បាន​លាលែង​ចេញ​ពីតំណែង​ជា​ប្រមុខរដ្ឋ ហើយ​ត្រូវ​រដ្ឋាភិបាល​ខ្មែរក្រហម​បង្ខំ​ឲ្យ​គង់​តែ​នៅ​ក្នុង​វាំង ក្នុង​ទីក្រុង​ភ្នំពេញ រហូតដល់​ខែ​មករា ឆ្នាំ​១៩៧៩។

មុនពេល​កងទ័ព​វៀតណាម និង​កងទ័ព​រណសិរ្ស​​សាមគ្គី​សង្រ្គោះជាតិ​កម្ពុជា វាយ​ចូល​ដល់​ទី​ក្រុង​ភ្នំពេញ សម្តេច​ព្រះនរោត្តម សីហនុ ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ចេញ​ពី​ភ្នំពេញ តាមយន្តហោះ ទៅ​កាន់ទីក្រុង​ប៉េកាំង ហើយ​នៅ​ឆ្នាំ​១៩៨២ ព្រះអង្គ​បាន​សុខព្រះកាយ ចូល​កាន់តំណែង​ជា​​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​វិញ ដែល​នៅ​ពេលនោះ គឺ​ជា​រដ្ឋាភិបាល​និរទេស ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វត្តមាន​របស់​វៀតណាម នៅ​កម្ពុជា។ សម្តេច​ព្រះនរោត្តម សីហនុ ក៏​បាន​បង្កើត​ចលនា​តស៊ូ​មួយ​ផ្ទាល់​របស់​ព្រះអង្គដែរ គឺ​រណសិរ្ស​រួបរួម​ជាតិ ដើម្បី​កម្ពុជា​ឯករាជ្យ អព្យាក្រឹត សន្តិភាព និង​សហប្រតិបត្តិការ ដែលហៅកាត់​តាម​ភាសាបារាំង​ថា FUNCINPEC។

ក្រោយ​ពី​វៀតណាម​ដក​ទ័ព​ចេញ​ពី​កម្ពុជា នៅ​​ឆ្នាំ​១៩៨៩ សម្តេច​ព្រះនរោត្តម សីហនុ បាន​លាលែង​ពីតំណែង​ជា​ប្រមុខ​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី​កម្ពុជា​ប្រជាធិបតេយ្យ នៅខែ​កក្កដា ឆ្នាំ​១៩៩១ ដើម្បី​ទៅធ្វើ​ជា​ប្រធាន​ “ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់” ​ដើរតួ​ជា​អ្នក​សម្របសម្រួល​ក្នុងការ​ចរចា​ រវាង​ភាគី​ជម្លោះ​ ក្នុង​សង្រ្គាម​ស៊ីវិល​ខ្មែរ ដែល​រួមមាន ចលនា​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច, ចលនា​ខ្មែរ​ក្រហម, រណសិរ្ស​របស់​លោកតា​សឺន សាន និង​ភាគី​​រដ្ឋ​​កម្ពុជា (អតីត​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា)។

ការចរចា​នេះ​បាន​ឈាន​ទៅដល់​ការ​ចុះកិច្ចព្រមព្រៀង​សន្តិភាព នៅ​ទីក្រុង​ប៉ារីស នៅថ្ងៃទី២៣ តុលា ឆ្នាំ​១៩៩១ ហើយ​សម្តេច​ព្រះនរោត្តម សីហនុ ដែល​បាន​​និរទេស​ព្រះកាយ​ទៅ​ក្រៅប្រទេស​អស់រយៈពេល​ជាង​មួយទសវត្សរ៍​មកហើយ​នោះ ក៏​បាន​យាង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ នៅថ្ងៃ១៤ វិច្ឆិកា ឆ្នាំ​១៩៩១ ដោយ​មាន​ការទទួល​អបអរសាទរ​យ៉ាង​ឱឡារិក ក្រុង​ឋានៈ​ជា​បិតាឯករាជ្យ និង​បង្រួបបង្រួមជាតិ។

ថ្ងៃទី២៤ កញ្ញា ឆ្នាំ​១៩៩៣ ៣៨ឆ្នាំ​ ក្រោយ​ពី​បាន​ដាក់រាជ្យ សម្តេច​ព្រះនរោត្តម សីហនុ ក៏​បាន​ឡើងគ្រងរាជ្យ​ជាលើកទីពីរ ក៏ប៉ុន្តែ ការគ្រងរាជ្យ​ជា​លើកទីពីរនេះ គឺ​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែល​​​​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ទី២ គឺ “ព្រះមហាក្សត្រ​ទ្រង់​គ្រងរាជ្យ​ តែ​មិន​កាន់​អំណាច”។

១១ឆ្នាំ​ក្រោយ​ការឡើង​គ្រងរាជ្យ​នេះ សម្តេច​ព្រះនរោត្តម សីហនុ ក៏​បាន​ប្រកាស​ដាក់រាជ្យ​ជាលើកទី២ នៅ​ថ្ងៃទី៦ ខែតុលា ឆ្នាំ​២០០៤ ហើយ​ចាប់ពីពេលនោះ​មក ព្រះអង្គ​បាន​ចំណាយ​ពេល​ភាគច្រើន​គង់​នៅ​ក្រៅ​ប្រទេស ជាពិសេស គឺ​ដើម្បី​ព្យាបាល​ជំងឺ នៅ​ទីក្រុង​ប៉េកាំង ដែលជាហេតុធ្វើ​ឲ្យ​ព្រះអង្គ​បាត់ព្រះភ័ក្រ្ត ​ឃ្លាត​ព្រះកាយ​ ពី​ទីសាធារណៈ។ ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ សម្រាប់​ប្រជារាស្រ្ត​កម្ពុជា​ជាទូទៅ សម្តេច​ព្រះនរោត្តម សីហនុ ​នៅតែ​ជា​​​និមិត្តរូប​​នៃ​ការ​បង្រួបបង្រួម​ជាតិ​ និង​ជា​បិតា​ឯករាជ្យ​ជាតិ​ជាប់ជានិច្ច៕

ស្នាព្រហស្ថដ៍ធំធេង ដែលមិនអាចកាត់ថ្លៃបាន របស់សម្ដេចឱ សម្ដេចតានៃយើង ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ កើតឡើងពីការអនុវត្តន៍ គោលនយោបាយ «បង្រួបបង្រួមជាតិ» ខ្មែរតែមួយ
តាមកំណត់ត្រាប្រវត្តិសាស្ត្រ បានឱ្យដឹងយ៉ាងច្បាស់ថា កាលពីឆ្នាំ១៩៤៧ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានដឹកនាំប្រទេស ទទួលបានជោគជ័យ ក្នុងការទាមទារ ឲ្យព្រះរាជាណាចក្រថៃ សងមកកម្ពុជាវិញ នូវខេត្តខ្មែរមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង ដែលថៃបានយកពីកម្ពុជាទៅ នៅក្នុងពេលមានសង្គ្រាមលោកលើកទី ២ ។

មិនតែប៉ុណ្ណោះ ចាប់ពីឆ្នាំ១៩៥២ ដល់ឆ្នាំ១៩៥៣ ព្រះអង្គបានយាងបំពេញ ព្រះរាជបូជនីយកិច្ច ទាមទារឯករាជភាព ដណ្ដើមបានជោគជ័យទាំងស្រុង ដោយរំដោះប្រទេសជាតិ និងប្រជារាស្ត្រខ្មែរមួយនគរ ចេញពីនឹមអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ និងបានដឹកនាំព្រះរាជាណាចក្រកម្ពុជា ឱ្យបានចូលជាសមាជិក អង្គការសហប្រជាជាតិ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥៥ ព្រមទាំងបានបង្កើតសម័យ សង្គមរាស្ត្រនិយម ដ៍រីកចម្រើនរុងរឿង ដែលទទួលបាន ការគោរព កោតសរសើរយ៉ាងខ្លាំងក្លាបំផុត ។ កាលនោះ នៅឆ្នាំ១៩៥៦ ព្រះអង្គបានក្លាយជា ព្រះបិតាស្ថាបនិកទី៥ នៃចលនាមិនចូលបក្សសម្ព័ន្ធ នៅប្រ៊ីយ៉ូនី (BRIONI) នៃសាធារណរដ្ឋ សហព័ន្ធ សង្គមនិយម យូហ្គោស្លាវី ទៀតផង ។

លើសពីនេះ ក្រោយពេល សមាជិកសភាខ្មែរ បានសម្រេចជាឯកច្ឆន្ទ ជ្រើសតាំងព្រះអង្គ ជាព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ១៩៦០ បន្ទាប់ពីព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សុរាម្រិត ទ្រង់សោយព្រះទិវង្គតនោះ នៅឆ្នាំ១៩៦១ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ បានដឹកនាំព្រះរាជបូជនីយកិច្ច ទាមទារយកប្រាសាទ ព្រះវិហារខ្មែរ ពីប្រទេសថៃមកវិញ បានជោគជ័យយ៉ាងត្រចះត្រចង់ តាមរយៈការសម្រេច នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិ ទីក្រុងឡាអេ ។

ប៉ុន្តែគួរឱ្យសោកស្ដាយបំផុត នៅក្នុងពេលដែលសម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បាននិងកំពុងដឹកនាំ ព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ និងមានការរីកចម្រើនរុងរឿង ជាបន្តបន្ទាប់ យ៉ាងឆាប់រហ័សនោះ បែរជាមានបរទេសជិតឆ្ងាយ ជាអមិត្តមួយក្ដាប់តូច នាំគ្នាច្រណែននិន្ទា ឈ្នានីសយ៉ាងខ្លាំងបំផុត ចំពោះមោទនភាពនៃកម្ពុជា ។ ពួកគេទាំងនោះ តែងតែព្យាយាម បំផ្លិចបំផ្លាញ ឬបំបែកបំបាក់កម្ពុជាជាបន្តបន្ទាប់ ដោយសារតែពួកគេ មានការភ័យខ្លាច ឬមិនចង់ឱ្យកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឈន៍ រីកចម្រើនរុងរឿង លើគ្រប់វិស័យ ដោយពឹងផ្អែកលើ កម្លាំងខ្លួនឯង (មិនខ្ចីបុល ឬសុំជំនួយពីពួកគេ ជាបរទេសជិតឆ្ងាយ) នោះឡើយ ។

ជាក់ស្ដែង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកសេនាប្រមុខ លន់ នល់ និងបក្ខពួក (ជាបរិវា របស់មហាអំណាចអាមេរិក) បានធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ពីព្រះប្រមុខរដ្ឋ ខណៈព្រះអង្គកំពុង បំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅសហភាពសូវៀត ។ ចូលមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះអង្គបានបង្កើត ចលនាតស៊ូមួយឈ្មោះ «រណសិរ្សរួបរួមជាតិកម្ពុជា» (FUNC) ដែលមាន ព្រះអង្គ គង់ជាព្រះប្រធាន និងបានបង្កើតនូវ រាជរដ្ឋាភិបាល រួបរួមជាតិកម្ពុជា (GRUNK)… ហើយនៅខែមេសា ឆ្នាំ១៩៧០ ព្រះអង្គជាអ្នកផ្តួចផ្តើម នៃសន្និសីទកំពូល របស់ប្រជាជនឥណ្ឌូចិន នៅកង់តុង សាធារណរដ្ឋ ប្រជាមានិតចិន ។

ជាបន្តបន្ទាប់មកទៀត នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ កងទ័ពប្រជាជន រំដោះជាតិ នៃរណសិរ្ស រួបរួមជាតិកម្ពុជា (FUNC) ដណ្តើមបានជ័យជំនះ ទាំងស្រុងនៅកម្ពុជា ។ ពេលនោះ «កម្ពុជាប្រជាធិបតេយ្យ » ក៍ត្រូវបានបង្កើតឡើង ដែលមានព្រះអង្គ (នរោត្តម សីហនុ) ជាព្រះ ប្រធាន ។ ប៉ុន្តែនៅខែមេសា ឆ្នាំ១៩៧៦ ព្រះអង្គ និងសម្តេចព្រះរាជ អគ្គមហេសី នរោត្តម មុនីនាថ ត្រូវបានពួកខ្មែរក្រហម បង្ខំឃុំឃាំងព្រះកាយ ឱ្យគង់នៅតែក្នុង ព្រះបរមរាជវាំង ព្រមទាំងពួកវាបានធ្វើគត ព្រះរាជបុត្រា ព្រះរាជបុត្រីមួយចំនួន របស់ព្រះអង្គទៀតផង ក្រោយពីព្រះអង្គ បានសុំលាលែង ពីតំណែងជាប្រធាន នៃរបបកម្ពុជា ប្រជាធិបតេយ្យនេះ ។

បន្ទាប់ពីរបបកម្ពុជា ប្រជាធិបតេយ្យ ឬពួកខ្មែរក្រហម បានដួលរលំ នៅខែមករា ឆ្នាំ១៩៧៩ ហើយកងទ័ពយួន បានចូលមកឈ្លានពាន ពេញប្រទេសកម្ពុជានោះ សម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ត្រូវបានជ្រើសតាំង ជាព្រះប្រធាន កម្ពុជាប្រជាធិបតេយ្យ ជាលើកទី២ នៅឆ្នាំ១៩៨២ និងចាប់ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៩០ ព្រះអង្គជាព្រះប្រធាន នៃចលនាតស៊ូជាតិកម្ពុជា (CNR) ។ ចាប់ពីឆ្នាំ១៩៨៧ រហូតមក ព្រះអង្គបានខិតខំ អស់ពីព្រះកាយពល ដើម្បីបង្រួបបង្រួម ភាគីជម្លោះកម្ពុជាទាំងអស់ រិះរកនូវដំណោះស្រាយ នយោបាយសមស្រប ដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា ។

មកដល់ឆ្នាំ១៩៩១ ព្រះអង្គបានប្រកាសជាឱឡារិក នូវក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ដោយទទួលស្គាល់ ការឈប់បាញ់គ្នា ជាបណ្តោះអាសន្ន នៅកម្ពុជាទាំងមូល និងបញ្ឈប់ការផ្តល់ ជំនួយយោធា ពីប្រទេសដទៃ ដល់កងទ័ពកម្ពុជា ទាំង៤ភាគី ។ ទីបំផុតនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ១៩៩១ ព្រះអង្គបានយាង ចាកចេញពីប្រធាន នៃកម្ពុជាប្រជាធិបតេយ្យ និងចលនាតស៊ូ ជាតិកម្ពុជា ដើម្បីដាក់ព្រះកាយព្រះអង្គ គង់ខ្ពស់ផុតពីលើភាគី នយោបាយទាំងអស់ នៅកម្ពុជា ។

តមកទៀត បន្ទាប់ពីត្រូវបាន សមាជិកទាំង១១ នៃក្រុមប្រឹក្សាជាតិ ជាន់ខ្ពស់កម្ពុជា (CNC) ជ្រើសតាំងព្រះអង្គ ជាព្រះប្រធាន «អព្យាក្រិត» រួចមក ព្រះអង្គបានឡាយ ព្រះហស្តលេខា ជាមួយសមាជិក នៃក្រុមប្រឹក្សាជាតិនេះ និងតំណាងរដ្ឋាភិបាល នៃប្រទេសចំនួន១៨ ព្រមទាំងលោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ «លើកិច្ចព្រមព្រៀង ស្តីពីដំណោះស្រាយ នយោបាយរួមមួយ នៃជម្លោះកម្ពុជា» នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងបានយាងនិវត្ត មកកាន់រាជធានីភ្នំពេញវិញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ១៩៩១ ប្រកបដោយសុវត្ថិភាព ។

ក្នុងព្រះបរមនាមជា សម្តេចឪ សម្ដេចតា សម្ដេចតាទួត ជាទីគោរពស្រឡាញ់ ខ្ពង់ខ្ពស់បំផុត នៃកម្ពុជានោះ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានបំពេញព្រះរាជកិច្ច ដ៏ឧត្តុង្គឧត្តមបំផុត ក្នុងការបង្រួបបង្រួមជាតិ បញ្ចប់សង្រ្គាម បង្ហូរឈាមគ្នា និងបញ្ចប់នូវ តំបន់អបគមន៍ បែងចែកទឹកដី ដើម្បីស្វែងរកសន្តិភាព និងការអភិវឌ្ឈន៍នៅកម្ពុជា តាមរយៈការធ្វើឲ្យ ចេញជារូបរាង នូវដ្ឋាភិបាលចម្រុះមួយ ដែលមានសហនាយករដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី ២នាក់) បន្ទាប់ពីគណបក្សហ្វ៊ុនស៊ិនប៉ិច បានឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី ក្នុងឆ្នាំ១៩៩៣… ហើយគណបក្សប្រជាជនកម្ពុជា បានបដិសេធ មិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោត ដែលរៀបចំឡើង ដោយអង្គការ សហប្រជាជាតិ ហៅកាត់ថា អ៊ុនតាក់ ។ ជាលទ្ធផលស្ដែងចេញ ពីការបង្រួបបង្រួមជាតិនោះ ព្រះអង្គបានឡាយ ព្រះហស្តលេខា លើព្រះរាជក្រម នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នូវរដ្ឋធម្មនុញ្ញថ្មី នៃព្រះរាជាណាចក្រកម្ពុជា ។

ចាប់ពីឆ្នាំ១៩៩៣ រហូតមក ប្រជារាស្រ្តកម្ពុជា គ្រប់និន្នាការ នយោបាយទាំងអស់ តែងនាំគ្នាចាត់ទុកសម្តេចឪ សម្ដេចតា សម្ដេចតាទួត ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ជានិមិត្តរូប នៃការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិ និងជាព្រះបិតា ឯករាជ្យជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៍ខ្ពង់ខ្ពស់បំផុត ។

ទោះបីព្រះអង្គ បានយាងចូលទិវង្គតទៅហើយ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ក្ដី ក៍រហូត មកដល់ពេលនេះ និងប៉ុន្មានរយឆ្នាំ ទៅមុខទៀតក៍ដោយ ក៍ប្រជារាស្រ្ត និងអ្នកនយោបាយខ្មែរទាំងអស់ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ នៅតែចងចាំមិនភ្លេច នូវព្រះរាជបូជនីយកិច្ច ដ៏ឧត្តុង្គឧត្តម របស់សម្តេចឪ សម្ដេចតា សម្ដេចតាទួត ​ព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​មហាវីរក្សត្រ ព្រះវររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ក្នុងការដឹកនាំការ បង្រួបបង្រួមជាតិ ដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ និងដើម្បី​កម្ពុជា ឯករាជ្យ អព្យាក្រឹត សន្តិ និង​សហប្រតិបត្តិ ជាដរាបដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here