ឪពុកម្តាយគ្រប់គួរយល់ដឹងពីជំងឺគ្រុនឈាម និងវិធីបង្ការ

0
94

ឪពុកម្តាយគ្រប់គួរយល់ដឹងពីជំងឺគ្រុនឈាម និងវិធីបង្ការ

ជំងឺ​គ្រុន​ឈាម​ជា​ទូ​ទៅ​តែង​តែ​កើត​មាន​នៅ​លើ​កុមារ តែ​ក៏​មាន​ករណី​ជំងឺ​នេះ កើត​មាន​នៅ​លើ​មនុស្ស​ពេញវ័យ​ដូច​គ្នា។ យើង​សង្កេត​ឃើញ​ថា ជំងឺ​នេះ​ច្រើន​កើត​ឡើង​នៅ​រដូវ​វស្សា ដោយ​ហេតុ​ថា​រដូវ​ភ្លៀង​ជា​អំណោយ​ផល​ដល់​ការ​កកើត​ពពួក​មូស​ខ្លា ដែល​ជា​ភ្នាក់ងារ​ចម្លង​រោគ។

ក) រោគ​សញ្ញា៖ ក្តៅ​ខ្លួន​ខ្លាំង ឈឺ​ក្បាល ឈឺ​សន្លាក់​ដៃ​ជើង និង​សាច់​ដុំ ស្នាម​អុច​ក្រហម​លើ​ស្បែក អាច​មាន​ជា​អាការៈ​ចុក​នៅ​ក្នុង​ពោះ ក្អួត​ចង្អោរ។ ខ) ការ​វិវត្តន៍​នៃ​ជំងឺ និង​ផល​វិបាក៖ ជា​ទូទៅ​រយៈ​ពេល​ពី ៣ ទៅ ៤​ថ្ងៃ​បន្ទាប់​ពី​មាន​រោគ​សញ្ញា​ដំបូង អ្នក​ជំងឺ​អាច​ស្តែង​ចេញ​នៅ​រោគ​សញ្ញា​ផ្សេងៗ​ដូច​ជា ការ​ហូរ​ឈាម​នៅ​ក្នុង​ភ្នែក (Hémorragie Conjonctivale) ហូរ​ឈាម​តាម​ច្រមុះ ស្នាម​ជាំ​នៅ​លើ​ស្បែក ជំងឺ​នេះ​នឹង​ជា​ទៅ​វិញ​នៅ​ចន្លោះ ១០ ទៅ​១៤ ថ្ងៃ ឬ​អាច​យូរ​ជាង​នេះ។

ជំងឺ​គ្រុន​ឈាម​មួយ​ចំនួន​អាច​វិវត្តន៍​ទៅ​រក​សភាព​ធ្ងន់ធ្ងរ ដែល​បណ្តាល​មក​ពី​ការ​ហូរ​ឈាម​តាម​សរីរាង្គ​នានា​(ប្រព័ន្ធ​រំលាយ អាហារ ស្បែក និង​ក្នុង​ខួរក្បាល) ហើយ​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។ គ) ការ​កំណត់​រោគវិនិច្ឆ័យ៖ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នៃ​ជំងឺ​នេះ អាច​ត្រូវ​បាន​ធ្វើ​ឡើង ដោយ​ការ​កំណត់​រក​មេរោគ​គ្រុន​ឈាម នេះ​នៅ​ក្នុង​ឈាម​អ្នក​ជំងឺ (PCR) ឬ​ដោយ​ការ​កំណត់​រក​ពពួក អង់​ទីហ្សែន (NS1) និង​ពពួក​អង់​ទីករ (IgM, IgG) របស់​មេរោគ​នេះ​នៅ​ក្នុង​ឈាម​អ្នក​ជំងឺ។

ក្នុង​ករណី​ដែល​អ្នក​ជំងឺ​ដែល​មាន​អាការៈ​ដូច​បាន​រៀប​រាប់​ខាង​លើ (ហើយ​ដែល​ជា​ពិសេស​អាការៈ​នោះ​កើត​មាន​ឡើង​ក្នុង​រដូវ​ភ្លៀង) គួរ​អញ្ជើញ​មក​ធ្វើ​ការ​ពិគ្រោះ​ជា​មួយ គ្រូ​ពេទ្យ​ជំនាញ​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ដើម្បី​អាច​ធ្វើ​រោគវិនិច្ឆ័យ​ពិត​ប្រាកដ​នៃ​ជំងឺ​នេះ ឲ្យ​បាន​ឆាប់​រហ័ស​ដើម្បី​ទទួល​បាន​នូវ​ការ​ព្យាបាល​ដែល​សម​ស្រប​មួយ។

ឃ) ការ​ព្យាបាល៖ មក​ទល់​ពេល​បច្ចុប្បន្ន​នេះ យើង​នៅ​មិន​ទាន់​មាន​ការ​ព្យាបាល​ចំពោះ​ជំងឺ​គ្រុន​ឈាម​នេះ​នៅ​ឡើយ​ទេ។ ការ​ព្យាបាល គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ និង​ទប់​ស្កាត់​ជំងឺ​នេះ កុំ​ឲ្យ​វិវត្តន៍​ទៅ​រក​សភាព​ធ្ងន់​ធ្ងរ ដែល​អាច​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​របស់​អ្នក​ជំងឺ។ ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ Aspirine ដើម្បី​បញ្ចុះ​កំដៅ ត្រូវ​បាន​ហាមឃាត់​ព្រោះ​អាច​បណ្តាល​ឲ្យ​មាន​ការ​ហូរ​ឈាម​ខ្លាំង​ក្នុង​ករណី​អ្នក​ជំងឺ​មាន​ផ្ទុក​មេរោគ​គ្រុនឈាម។

ង) វិធី​បង្ការ៖ យើង​អាច​ការពារ​ពី​ការ​ឆ្លង​ជំងឺ​នេះ​ដោយ លុប​បំបាត់​ជម្រក​មូស ការពារ​ពី​មូស​ខាំ (ពេលព្រឹក និង​ពេល​ព្រលប់) គេង​ក្នុង​មុង (ទាំង​ថ្ងៃ​ទាំង​យប់) ស្លៀក​សំលៀក​បំពាក់​ជិតៗ (មាន​ពណ៌​ចាំង) ចៀស​វាង​នៅ​ក្នុង​ទី​ងងឹត ប្រើ​ផលិតផល​ការពារ​មូស (លាប​លើ​ស្បែក)៕

LEAVE A REPLY

Please enter your comment!
Please enter your name here